CWC ផ្តល់មេរៀនឱ្យ FIFA ត្រៀមខ្លួនចំពោះបញ្ហាអាកាសធាតុ និងស្មៅទីលានត្រៀម World Cup ឆ្នាំ២០២៦
កំណត់ត្រាក្រុមចូលរួមការប្រកួត World Cup ឆ្នាំ២០២៦ កើនដល់៤៨ក្រុម លើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក ហើយការប្រកួតសរុបកើនពីចំនួន ៦៤ប្រកួត ដល់១០៤ប្រកួត។

រីឯ ការកែប្រែរូបមន្តរបស់ FIFA លើការប្រកួត CWC ដែលកើនចំនួនដល់៣២ក្រុម ហើយធ្វើឡើងរៀងរាល់៤ឆ្នាំម្តង បានក្លាយជាវិធីសាស្ត្រនៃការប្រកួតមួយ ដើម្បីធ្វើតេស្តមុន ចំពោះបញ្ហាអាកាសធាតុ ទីលាន ការធ្វើដំណើរ ឬកីឡដ្ឋានដែលត្រៀមខ្លួនសម្រាប់រៀបចំការប្រកួត មុនព្រឹត្តិការណ៍ World Cup ចូលមកដល់។
មែនទែនទៅបញ្ហាធំៗ រួមមានអាកាសធាតុ និងស្មៅនៅលើទីលាន គឺជាបញ្ហាធំបំផុតសម្រាប់អ្នករៀបចំ ឱ្យរិះរកមធ្យោបាយដោះស្រាយ។
បើតាមប្រធានសហព័ន្ធបាល់ទាត់អាម៉េរិក លោក Alan Rothenberg ការប្រកួតបាល់ទាត់ពិភពលោក នឹងចំពេលអាកាសធាតុក្តៅដដែល ហើយបញ្ហាកំហុសមួយចំនួនដែលកើតមានក្នុងការប្រកួត CWC ប្រៀបដូចជាការផ្តល់មេរៀនដ៏សំខាន់មួយ សម្រាប់អ្នករៀបចំ ឱ្យគិតគូរខ្លាំងថែមទៀត សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
CWC ឆ្នាំ២០២៥ រកឃើញក្រុមជើងឯក ជាក្រុម Chelsea ដែលពួកគេបានផ្តួលក្រុម PSG លទ្ធផល ៣-០ ដើម្បីលើកពានជាលើកទី២ ក្នុងប្រវត្តិសាស្រ្តខ្លួន។ ប៉ុន្តែព្រឹត្តិការណ៍នោះ អ្នករៀបចំការប្រកួត ប្រឈមមុខនឹងការរិះគន់ខ្លាំង និងការរអ៊ូត្អូញត្អែរ ពីក្រុមកីឡាករ អ្នកគាំទ្រ និងគ្រូបង្វឹក ពីបញ្ហាអាកាសធាតុក្តៅខ្លាំង ដល់ជាង៣០អង្សាសេ និងទីលានប្រកួតមានស្មៅសភាពក្តៅ ស្ងួត និងកីឡដ្ឋានខ្លះ ប្រើស្មៅសិប្បនិមិ្មត។

នៅថ្ងៃបិទបញ្ចប់ការប្រកួត CWC លោក Gianni Infantino ប្រធាន FIFA ក៏បាននិយាយប្រាប់អ្នកកាសែតថា រាល់ការរិះគន់ទាំងឡាយដែល FIFA ទទួលបាន ស្ថាប័ននឹងយកទៅសិក្សា និងវិនិច្ឆ័យ ដើម្បីពង្រឹងសមត្ថភាពការប្រកួតឱ្យកាន់ល្អប្រសើរ។ ប្រធាន FIFA បន្ថែមថា ការប្រកួត World Cup ឆ្នាំ២០២៦ មានកីឡដ្ឋានដែលមានដំបូល និងការគ្រប់គ្រងអាកាសធាតុល្អនៅពេលរសៀល៕