ផ្លូវការ Villa ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Abraham ក្នុងតម្លៃ ១៨.២៥លានផោនពី Besiktas
ផ្លូវការ Villa ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Abraham ក្នុងតម្លៃ ១៨.២៥លានផោនពី Besiktas ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Tammy Abraham បានបំពេញការផ្ទេរចូលក្លឹប Aston Villa ជាផ្លូវការក្នុងតម្លៃប្រមាណ ១៨.២៥លានផោនពីក្លឹប Besiktas របស់តួកគី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Villa Park រយៈពេល ៤ឆ្នាំកន្លះ ក្នុងការប្រកួតប្រជែងនៅ Premier League វិញជាលើកដំបូង គិតចាប់តាំងពីផ្លាស់ទៅចូលរួមជាមួយ Roma នាអំឡុងឆ្នាំ២០២១។
ទន្ទឹមគ្នានោះដែរ Villa ក៏ត្រៀមយកខ្សែបម្រើ Douglas Luiz ត្រឡប់មកវិញ ដែលបានទៅលេងខ្ចីជើងនៅក្លឹបគូប្រជែង Nottingham Forest ដ្បិតពួកគេកំពុងឈរលេខរៀងទី៣ ក្នុងលីគ Premier League ចាញ់ប្រៀបត្រឹម ៤ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Arsenal។

ជាការកត់សម្គាល់ផងដែរ លោក Unai Emery អ្នកចាត់ការទូទៅ Aston Villa បានកំពុងស្វែងរកខ្សែប្រយុទ្ធ ដើម្បីមកជួយជ្រោមជ្រែង Ollie Watkins តាមរយៈ Abraham បានស្ថិតក្នុងបញ្ជីរបស់គ្រូបង្វឹកអេស្ប៉ាញរូបនេះជាយូរមកហើយ ដែលធ្លាប់លេងខ្ចីជើងនៅ Villa Park នារដូវកាល ២០១៨-១៩ បានរួមចំណែកជួយពួកគេឡើងមកលីគកំពូលអង់គ្លេសវិញ ដោយស៊ុតបាន ២៦គ្រាប់ពីការចូលលេង ៤០ប្រកួត៕
