Nani ចេញពីការចូលនិវត្តន៍ ដើម្បីចុះកិច្ចសន្យាលេងឱ្យក្លឹបកាហ្សាក់ស្ថាន ក្នុងវ័យ ៣៩ឆ្នាំ
អតីតខ្សែបម្រើស្លាបព័រទុយហ្គាល់ និង Manchester United គឺ Nani បានប្រកាសពីការចាកចេញពីការចូលនិវត្តន៍ ក្នុងការវិលត្រឡប់មកលេងបាល់ទាត់វិញ ជាមួយក្លឹបអាជីព FC Aktobe នៃប្រទេសកាហ្សាក់ស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅចាំបានថា Nani គឺជាសមាជិកសំខាន់ ១រូបដែលបានរួមចំណែកជួយក្រុមបច្ចខែលព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro ជាលើកដំបូងកាលឆ្នាំ២០១៦ នៅប្រទេសបារាំង។

Nani បុរសវ័យ ៣៩ឆ្នាំរូបនេះ បានសម្រេចចិត្តព្យួរស្បែកជើងនៅលើជញ្ជាំងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ និងមិនបានលេងបាល់ទៀតឡើយ គិតចាប់តាំងពីជំនួបរវាងក្រុម Estrela da Amadora ទល់នឹង Sporting ក្នុងលីកព័រទុយហ្គាល់រួចមក។

ក្រោយពីចុះកិច្ចសន្យារួចមក Nani បានថ្លែងឱ្យដឹងថា «ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយ FC Aktobe និងកំពុងរង់ចាំពីការចែករំលែក ដើម្បីអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសស្ថិតនៅអាស៊ីមួយនេះដែរ»។
ចំណែកឯភាគីខាងក្លឹប FC Aktobe លេងនៅលីគកំពូលកាហ្សាក់ស្ថានវិញ ក៏បានឱ្យដឹងដែរថា «Nani បានព្រមព្រៀងចុះកិច្ចសន្យាលេងរយៈពេល ១ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមទៀតបានដែរ ក្នុងគម្រោងអភិវឌ្ឍន៍របស់ក្លឹប»។

Nani គឺជាអតីតខ្សែមប្រើដ៏ល្បី ១រូបរបស់លោក Sir Alex-Ferguson ដែលបានទិញចូលពីក្លឹប Sporting ដូចមិត្តរួមជាតិ Cristiano Ronaldo ដែរ ក្នុងតម្លៃ ២១លានផោន នាអំឡុងខែមិថុនា ឆ្នាំ២០០៧ ដោយលេងបាន ២៣០ប្រកួត និងស៊ុតបាន ៤១គ្រាប់។ រូបលោកឈ្នះពាន UEFA Champions League, Premier League ៤ដង និង League Cup ២ដង ក្នុងរយៈពេល ៨ឆ្នាំនៅកីឡដ្ឋាន Old Trafford៕
