Bayern Munich ជួបពិភាក្សាជាមួយ Harry Kane ដើម្បីបន្លាយកិច្ចសន្យាថ្មី មុនពេលផុតកំណត់នៅឆ្នាំ២០២៧ ថ្ងែខាងមុខនេះ
លោក Max Ebert នាយកកីឡារបស់ក្លឹបខ្លារខិន Bayern Munich បានទម្លាយឱ្យដឹងថា ក្លឹបអាល្លឺម៉ង់មួយនេះបានកំពុងពិភាក្សាគ្នាជាមួយខ្សែប្រយុទ្ធ Harry Kane អំពីការបន្តកិច្ចសន្យាថ្មី មុនពេលកិច្ចសន្យាចាស់នឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស វ័យ ៣២ឆ្នាំខាងលើនេះ បានចូលរួមជាមួយ Bayern ក្រោមកិច្ចសន្យា ៤ឆ្នាំពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ៨៦.៤លានផោន។

គិតមកទល់ពេលនេះ Kane រកបាន ១១៩គ្រាប់ និងបញ្ជូនបាន ៣០គ្រាប់ ក្នុងចំណោម ១២៦ប្រកួតសរុបជាមួយ Bayern និងបានឈ្នះពានលីគ Bundesliga ជាលើកដំបូងក្នុងអាជីពបាល់ទាត់ នៃរដូវកាលឆ្នាំ២០២៤-២៥។
លោក Ebert បានថ្លែងថា «យើងបានកំពុងជជែកពីកិច្ចសន្យាថ្មីជាមួយ Harry។ គ្រប់ភាគីបានព្រមព្រៀងគ្នាលើចំណុចខ្លះហើយ»។

នៅចាំបានថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ Kane ធ្លាប់បាននិយាយថា «ជាការពិត ខ្ញុំនឹងបន្តលេងនៅ Bayern ទៀត ជាមួយនឹងក្តីសុបិនត្រឡប់ទៅលេងនៅ Premier League នាថ្ងៃណាមួយដែរ»។
គួរបញ្ជាក់ផងថា សម្រាប់រដូវកាលនេះ Kane រកបាន ៣៤គ្រាប់ពីការចូលលេង ៣០ប្រកួតគ្រប់ការប្រកួតសម្រាប់ក្រុមរបស់លោក Vincent Kompany ដោយក្នុងនោះដែរមាន ២១គ្រាប់ ពីការលេងបាន ១៩ប្រកួតនៅ Bundesliga និងព្យាយាមបំបែកកំណត់ត្រាចាស់របស់ Robert Lewandowski ដែលស៊ុតបាន ៤១គ្រាប់ក្នុងលីគអាល្លឺម៉ង់ត្រឹម ១ឆ្នាំ៕