Zidane ត្រៀមនឹងត្រលប់មកវិញដ៏គួរឲ្យភ្ញាក់ផ្អើល
ក្រោយបាត់មុខអស់មួយរយៈ Zinedine Zidane ត្រៀមវិលចូលកៅអីគ្រូបង្វឹកវិញហើយ ។ យោងតាមអ្នកយកព័ត៌មានរបស់ RMC លោក Gilbert Brisbois ថា៖ អតីតកីឡាកររបស់ Real Madrid នឹងជំនួសគ្រូបង្វឹក Didier Deschamps ដើម្បីដឹកនាំក្រុមបារាំងបន្ទាប់ពី ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។

គ្រូបង្វឹក Didier Deschamps នឹងលាលែងពីដំណែងជាផ្លូវការជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ គ្រូបង្វឹកវ័យ 56 ឆ្នាំរូបនេះបានដឹកនាំ “Les Bleus” តាំងពីឆ្នាំ 2012 និងបានសាងភាពល្បីល្បាញជាមួយនឹងជើងឯក World Cup 2018 ដោយក្លាយជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលបានលើកពានមាសទាំងកីឡាករ និងគ្រូបង្វឹក ។

យ៉ាងណាក៍ដោយ ៖ នេះក៍ជាលើកទីមួយដែរក្នុងរយៈពេល 4 ឆ្នាំដែល Zidane បានត្រលប់មកធ្វើជាគ្រូបង្វឹកវិញ ចាប់តាំងពីចាកចេញពី Real Madrid ក្នុងខែឧសភា ឆ្នាំ 2021 ក្នុងអំឡុងពេលដឹកនាំ “Los Blancos” គាត់បានបន្សល់ទុកនូវសញ្ញាណដ៏រឹងមាំជាមួយនឹងពានរង្វាន់ Champions League 3 ដងជាប់គ្នា (2016-2018) និងពានរង្វាន់ La Liga 2 ដងផងដែរ ។ ទោះជាយ៉ាងណាក៍ដោយ Zidane ក៍ធ្លាប់ភ្លឺស្វាងជាមួយបារាំង ដោយបានឈ្នះ World Cup ឆ្នាំ 1998 និង Euro ឆ្នាំ 2000។ ការវិលត្រឡប់របស់លោក ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងត្រូវបានគេចាត់ទុកថាជា “ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល” មិនត្រឹមតែសម្រាប់ជនជាតិបារាំងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បាល់ទាត់អឺរ៉ុបផងដែរ។ អ្នកអត្ថាធិប្បាយ Julien Laurens របស់ TNT Sports (ចក្រភពអង់គ្លេស) – បានអះអាងបន្ថែមថា៖ Zidane មានទំនាក់ទំនងពិសេសរវាងគាត់ និងក្រុមជម្រើសជាតិបារាំង – ហើយគាតក៍ធ្លាប់ត្រលប់មកជួយក្រុមវិញកាលពីឆ្នាំ 2006 ផងដែរ ។

យ៉ាងណាមិញ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក Zidane នឹងដឹកនាំក្រុមបារាំងជាផ្លូវការបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។