Partey អតីតខ្សែការពារ Arsenal ត្រូវបានធានានៅក្រៅឃុំ ក្រោយចូលបំភ្លឺនៅតុលាការពីបទចោទប្រកាន់មានដល់ទៅ ៥ករណីរំលោភសេពសន្ថវៈ
កីឡាករ Thomas Partey ដែលធ្លាប់លេងឱ្យក្លិបកាំភ្លើងធំ Arsenal ត្រូវបានធានានៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយចូលបំភ្លឺនៅតុលាការកាលពីថ្ងៃអង្គារ ទី០៥ ខែសីហា នេះពីបទចោទប្រកាន់មានដល់ទៅ ៥ករណីរំលោភសេពសន្ថវៈ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ ស្ថិតនៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey កំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London។

Partey បានរងនូវបទចោទប្រកាន់ខាងលើមានរយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Arsenal នាអំឡុងខែមិថុនា មុនពេលបង្ហាញខ្លួនជាលើកទី២ នៅតុលាការនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈលោក Jenny Wiltshire មេធាវីរបស់ Partey កន្លងមកធ្លាប់បាននិយាយថា «Partey តែងតែបដិសេធជានិច្ចរាល់ការចោទប្រកាន់ទាំងនោះ និងស្វាគមន៍ជានិច្ចរាល់ការកោះហៅ ដើម្បីសំអាតកេរ្តិ៍ឈ្មោះរបស់លោកឡើងវិញដែរ»។

ខ្សែការពាររូបនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលរួមជាមួយក្លិប Villarreal របស់អេស្ប៉ាញ ក្រោមកិច្ចសន្យា ១ឆ្នាំ ជាមួយនឹងឱកាសតបាន ១២ខែទៀតផងដែរ៕